ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Julian Alvarez បានស៊ុតបញ្ចូលទីសរុប៣គ្រាប់ជួយឲ្យអាហ្សង់ទីនផ្តួលក្រូអាត ៣-០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៤ ធ្នូដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី២ក្នុងរយៈពេល៨ឆ្នាំចាប់ពីឆ្នាំ២០១៤មក។ អាហ្សង់ទីននឹងជួបអ្នកឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធនេះរវាងម្ចាស់ជើងឯកបារាំងនិងម៉ារ៉ុក។
Messi បានរក១គ្រាប់បើកឆាកនៅនាទីទី៣៤ ដោយបាល់ប៉េណាល់ទី ខណៈដែលខ្សែប្រយុទ្ធ Alvarez រកបាន២គ្រាប់ម្នាក់ឯងគឺនៅនាទីទី៣៩ និងនាទីទី៦៩។ ចំណែកក្រូអាតមានការប្រកួតដ៏អស្ចារ្យមួយទៀតដោយត្រូវប្រជែងយកលេខ៣នៅថ្ងៃទី១៧ ខែធ្នូខាងមុខជាមួយនឹងក្រុមដែលចាញ់ដូចគ្នានៅប្រទេសកាតាឆ្នាំនេះ។
ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះគឺជាការឡើងមកជាលើកទី6របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយក្រុមនេះធ្លាប់គ្រងជើងឯក២ដង កាលពីឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦ និងធ្លាប់ជាជើងឯករង៣សម័យកាល (ឆ្នាំ១៩៣០, ឆ្នាំ១៩៩០ និងឆ្នាំ២០១៤)។ ប្រសិនអាហ្សង់ទីនធ្វើបានល្អនៅឆ្នាំនេះ នោះនឹងទទួលបានជើងឯកជាលើកទី៣ក្នុងប្រវត្តិសាស្ត្រប្រទេសនេះជាមិនខាន។
ចំណែកក្រុមក្រូអាតវិញ ត្បិតតែប្រទេសនេះមានប្រជាជនតិច ប៉ុន្តែបានធ្វើឲ្យកក្រើកពិភពលោកជាមួយនឹងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨ និងធ្លាប់ជាជើងឯករងម្តង, ចំណាត់ថ្នាក់លេខ៣ម្តងចាប់តាំងពីប្រទេសនេះបង្ហាញខ្លួននៅ World Cup កាលពីឆ្នាំ១៩៩៨។
សម្រាប់ការប្រកួតនៅរាត្រីនេះគឺបារាំងត្រូវប៉ះម៉ារ៉ុកដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប៉ះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមដែលចាញ់ត្រូវប៉ះក្រូអាតដើម្បីប្រជែងយកលេខ៣ក្នុងព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ ៕