អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈអភិបាលខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាពិភពលោកប្រយុទនឹងជំងឺអេដស៍ដោយអំពាវនាវថា៖“ ការប្រយុទ្ធនឹងជំងឺអេដស៍មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍រលាយបាត់ ” ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ” សិទ្ធ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ ” ។









ព្រឹត្តិការណ៏នេះមានកតិ្តយសក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងគណៈអធិបតី ឯកឧត្តម ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយ និងជាតំណាងប្រមុខដឹកនាំជាន់ខ្ពស់របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សកល លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងលោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងសមាជិកសមាជិកាមកពី តំណាងស្ថាបន័រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ អាជ្ញាធរមូលដ្ឋាន ក្រុមក្មេងស្រី និងសិស្សានុសិស្ស សហគមន៍ អ៊ីមផុស និងអ្នករស់នៅជាមួយមេរោគអេដស៏ប្រមាណជាង៣០០នាក់ ។



ព្រឹត្តិការណ៍ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ឆ្នាំ២០២៤ មានសកម្មភាពជាច្រើន ដូចជា៖ ការប្រកួតគូរគំនូរ ការដើរដង្ហែរក្បួន និង ការជូនអំណោយអាហារសុខភាពរបស់កសិដ្ឋានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ និងកម្មវិធីជួបជុំ នៅទីកំសាន្តផាប់ស្ទ្រីត ខេត្តសៀមរាប។